ព្រួយបារម្មណ៍នឹងកូរ៉ូណាវាយលុកខ្លាំងពេក! ពេលនេះប្រទេសប៉ាគីស្ថានសម្រេចបិទច្រកព្រំដែនជាមួយប្រទេសអាហ្វកានីស្ថាន

ព្រួយបារម្មណ៍នឹងកូរ៉ូណាវាយលុកខ្លាំងពេក! ពេលនេះប្រទេសប៉ាគីស្ថានសម្រេចបិទច្រកព្រំដែនជាមួយប្រទេសអាហ្វកានីស្ថាន


ប៉ាគីស្ថាន៖ ក្រុមមន្ត្រីរបស់ប្រទេសប៉ាគីស្ថានបានចេញសេចក្តី​ប្រកាសកាលពីថ្ងៃអាទិត្យ​ថា ប្រទេសប៉ាគីស្ថានបានបិទច្រកព្រំដែនមួយ​ ក្នុងចំណោមច្រកព្រំដែនពីររបស់ខ្លួនជាមួយប្រទេសអាហ្វកានីស្ថានរយៈពេលមួយសប្តាហ៍ ដើម្បី​ទប់ស្កាត់​ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងមួយថ្ងៃក្រោយ បន្ទាប់​ពីប្រទេសប៉ាគីស្ថានបានរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ២ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លង​សរុប​បានកើនឡើងដល់ទៅ ៤ នាក់។ ក្រុមមន្ត្រីរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា ច្រកព្រំដែនទី១ Chaman / Spinboldak នឹងត្រូវបិទចាប់ពីថ្ងៃច័ន្ទនេះតទៅ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ច្រកព្រំដែនទី២ នឹងនៅតែបើកចំហដដែល។

រដ្ឋាភិបាលរបស់ប្រទេសប៉ាគីស្ថាន​កំពុង​សំដែងការព្រួយបារម្ភខ្លាំងអំពីការ​រាតត្បាតនៃវីរុសកូរ៉ូណា ខណៈពេលដែលប្រទេសជិតខាងដូចជា អ៊ីរ៉ង់និងចិន គឺកំពុងទទួលរងគ្រោះដោយសារវីរុសដ៏កាចសាហាវនេះកាន់តែខ្លាំងឡើងៗ។​ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់ប្រទេសប៉ាគីស្ថាន​ ក៏បានសម្រេចចិត្តលុបចោលជើងហោះហើរទាំងអស់ ហើយ​ព្រមបានបិទព្រំដែនគោកជាមួយប្រទេសអ៊ីរ៉ង់ថែមទៀត។

គួរជម្រាបផងដែរថា ​បើគិតរហូតដល់ថ្ងៃនេះ វីរុសកូរ៉ូណាបានសម្លាប់មនុស្សជាង ៣,០៤៨ នាក់ ​ហើយវាបានឆ្លងដល់មនុស្សជាង ៨៩.០០៣ នាក់នៅទូទាំងពិភពលោក ដោយក្នុងនោះមានករណីអ្នកឆ្លងថ្មីកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ។





Post a comment

0 Comments